រូបភាពមេនៅភំ្នពេញ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘វប្បធម័-ប្រពៃណី

គំរោងរុះរើសំណង់ព្រះបរមមេរុ ដ៏គួរអោយសោកស្តាយ   Leave a comment

 
 
 
 
 
 
Rate This



មាន​ផ្នែក​ឯកជន ខាង​រកស៊ី​ទទួលទាន​លើ​វិស័យ​ទេសចរណ៍​ជាច្រើន នៅ​ក្រុងភ្នំពេញ​បានធ្វើ​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល ធ្វើយ៉ាងណា​រក្សា​សំណង់​ព្រះបរមមេរុ ដ៏​ល្អ​ប្រណិត​នេះ ឲ្យ​បានយូរ​ខែ​បន្តិច កុំអាល​រុះរើ​ចេញពី​វាលមេរុ​នេះ​។ ពីព្រោះ​នេះ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​បានកើត​ឡើង​ដោយ​ចៃដន្យ ហើយ​កំពុង​ត្រូវបាន​ទាក់ទាញ​ភ្នែក​ទេសចរ​បរទេស ក៏​ដូច​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចង់​ទស្សនា និង​គយគន់​យ៉ាង​ខ្លាំងក្លា បន្ទាប់ពី​សំណង់​នេះ​បាន​ផុស​ត្រដែត​នៅមុខ​សារមន្ទីរ​ជាតិ​ ជាប់ព្រះបរមរាជវាំង។​



ភ្ញៀវទេសចរ​បរទេស​ជាច្រើន ឲ្យ​រក្សាទុក​សំណង់​ព្រះបរមមេរុ ដ៏​ល្អ​ប្រណិត​នេះ​មួយ​រយៈពេល​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​ ពីព្រោះ​ពេល​ភ្ញៀវ​មានកម្ម​វិធី​ចូល​ទស្សនា​សារមន្ទីរ​ជាតិ គេ​ក៏​អាចមាន​លទ្ធភាព​ចូល​ទស្សនា​សំណង់​ព្រះ​បរម​មេរុ​នេះ​ផងដែរ​។ ម​គ្គុ​ទេស​ក៏​ទេសចរ​ឲ្យ​ភ្ញៀវ​ជាច្រើន​ក៏បាន​ចង់​រក្សាទុក​នូវ​សំណង់​ដ៏​ អស្ចារ្យ​នេះ​។ វា​ជា​សំណង់​ដែល​ភ្ញៀវ​ក៏​ដូច​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​ធ្លាប់​បានឃើញ នូវ​ស្ថាបត្យកម្ម​ដែលមាន​រចនាប័ទ្ម​ល្អៗ នៃ​ប្រវត្តិសាស្ត្រ​ការរំលាយ​ព្រះ​បរមសព ព្រះមហាក្សត្រ​ខ្មែរ តាំងពី​ទំនៀមទម្លាប់​បុរាណកាល​មក​។ មួយជីវិត​
​មនុស្ស​មួយចំនួន​ក៏​មិន​ធ្លាប់​ជួបប្រទះ នូវ​របៀប​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​រំលាយ ព្រះ​បរមសព​ស្តេច បែបនេះ​ទេ ហើយ​សំណង់​ស្ថាបត្យកម្ម​បែបនេះ ក៏​ពិបាក​ជួបប្រទះ​ដែរ​។ ដូច្នេះ​គួរតែ​រក្សាទុក​នូវ​សំណង់​នេះ​គ្រាន់តែ​ជា​តឹកតាង​ឲ្យ​កូន​ខ្មែរ​ ជំនាន់​ក្រោយ​បានដឹង បាន​យល់​នូវ​ទំនៀមទម្លាប់​ជា​ប្រពៃណី​លើ​ការរំលាយ​ព្រះ​បរមសព​របស់​ ព្រះមហាក្សត្រ​នៃ​យើង​។​
​ ​
​សំណង់​ដ៏​ប្លែក​បែបនេះ វា​អាចជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ដែល​ទាក់ទាញ​ភ្នែក​ទេសចរ​បរទេស និង​ពលរដ្ឋ​ខ្មែរ យ៉ាង​ក្រៃលែង​។ ភ្ញៀវ​ចូល​ទស្សនា​សារមន្ទីរ​ជាតិ ទាំង​ប៉ុន្មាន គឺ​គេ​បាន​ចំណាយពេល​ចូល​ទស្សនា​សំណង់​ព្រះ​បរម​មេរុ​នេះ​ទាំងអស់ ហើយ​គេ​បាន​គយគន់​ទស្សនា​មិន​ដាក់​ភ្នែក រួមទាំង​ដៃ​កាន់​កាមេរ៉ា​ផ្តិតរូប​ទុកជា​អនុស្សាវរីយ៍​ផងដែរ​។​
​ព្រះមេរុ ដែល​បាន​ចំណាយ​ការសាងសង់​ប្រមាណ ១,២ លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេច​តា សម្តេច​តា​ទួត នៅ​ទីលាន​ព្រះមេរុ ខាងជើង​ជាប់​ព្រះបរមរាជវាំង នឹងត្រូវ​រក្សាទុក​មួយ​រយៈពេល ដើម្បី​ឲ្យ​មហាជន​ទស្សនា​។ ចំណែក​ផ្លូវ​មួយចំនួន​នៅ​ជុំវិញ​ទីនោះ ក៏ត្រូវ​បន្ត​បិទ​ចរាចរណ៍​ផងដែរ​។ នេះ​បើតាម​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​បើតាម​ព័ត៌មាន គឺ​ព្រះ​បរម​មេរុ​នេះ ត្រូវ​រក្សាទុក​មួយរយៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ លោក​មានលទ្ធភាព​ចូលទៅ​ទស្សនា​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​បទសម្ភាសន៍​មួយ ដែល​ត្រូវបាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ស្តីពី​ជោគជ័យ​នៃ​កិច្ច​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ និង​វិធានការ​ការពារ​ការចូល​ទស្សនា ព្រះ​បរម​មេរុ បន្ត​។​
​ក្នុង​បទសម្ភាសន៍​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​កង​កម្លាំង​គ្រប់​ប្រភេទ ដែល​បាន​បំពេញភារកិច្ច និង​ស្តាប់​តាម​បង្គាប់បញ្ជា​របស់​ថ្នាក់លើ ដោយមាន​ការលះបង់​ខ្ពស់ ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ក្នុង​រយៈពេល ៧ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៣​។​
​ជាមួយនឹង​ការរក្សា​ទុក​ព្រះ​បរម​មេរុ សម្រាប់​មហាជន​ទស្សនា​មួយរយៈ​ពេលនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ លើកឡើង​បន្តថា “​ឥឡូវនេះ ក្នុង​រយៈពេល​ដែល​ត្រូវ​ផ្តល់ជូន​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ចូលទៅ​ទស្សនា​ព្រះ​បរម​មេរុ​នេះ យើង​បាន​បើកទូលាយ​ផ្លូវ​ចរាចរណ៍​ទាំងអស់ ដោយ​ធ្វើការ​បិទផ្លូវ តែ​ចំពោះ​កែង​ផ្លូវ ១៨៤ និង​ផ្លូវ ១៩ ហើយ​និង​កែង​ផ្លូវ ១៧៨ និង​ផ្លូវ​១៩ ព្រមទាំង​កែង​ផ្លូវ ១៧៨ និង​ផ្លូវ​លេខ​១៣​។ យើង​បិទ​តែ​ប៉ុន្មាន​ផ្លូវ​នេះ​ទេ ដើម្បី​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ចូល​បាន ព្រោះ​វា​អាច​នឹង​ស្ទះចរាចរណ៍​។ ក្រៅពីនោះ គឺ​ផ្លូវ​ទាំងអស់​យើង​ត្រូវបាន​បើក​ជាធម្មតា​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ បាន​បន្ថែមថា “​ក្នុង​កិច្ចការងារ​នេះ ជា​បញ្ហា​ប្រឈម ដែល​យើង​ធ្លាប់​បានទទួល​កន្លងមក គឺមាន​ការបិទផ្លូវ​ក្នុង​រង្វង់​ធំ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយសារ​ការកកស្ទះ​ចរាចរណ៍ នៅ​តំបន់​ខាងក្រៅ​តំបន់​ការពារ ហើយក៏​បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ស្នាក់នៅ​ក្នុង​តំបន់​ការពារ ដែល​ចេញចូល​ប្រចាំថ្ងៃ​… ហើយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ថ្នាំងថ្នាក់​ជាមួយ​សមត្ថកិច្ច​។ អ៊ីចឹង ជា​បន្តទៅទៀត​នេះ យើង​បាន​បង្រួម​ហើយ​។ ទីតាំង​ដែល​យើង​ធ្លាប់​បិទផ្លូវ​កន្លងមក គឺ​យើង​បាន​បើក បន្ទាប់ពី​ព្រះរាជ​ពិធីបុណ្យ​បាន​ត្រូវ​បញ្ចប់​ភ្លាម គឺ​យើង​បាន​បើកទូលាយ​ឡើងវិញ​ហើយ នៅ​គ្រប់​គោលដៅ ដែល​បាន​បិទ​កន្លងមក​”​។​
​សូមបញ្ជាក់ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃទី​៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ខណៈ​សម្លេង​យំសោក​បានកើត​មាន ទាំង​នៅ​វាល​ព្រះ​មេរុ និង​នៅ​ជុំវិញ​ព្រះបរមរាជវាំង ដែល​កកស្ទះ​ដោយ​មនុស្ស​ដ៏​សែន​ច្រើន ដែល​បានមក​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង ដល់​ព្រះ​បរមសព សម្តេចឪ​។​
​សម្លេង​ស្គ​បាន​ត្រូវ​ទូង​ឡើង ទូទាំងប្រទេស ហើយ​កម្ពុជា​បាន​ស្មឹង​ស្មាធិ៍​រយៈពេល​មួយ​នាទី​។​
​ពិធី​ថ្វាយ​ព្រះ​ភ្លើង បានធ្វើ​ឡើង បន្ទាប់ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​ថ្វាយ​ផ្កា​ខ្លឹមចន្ទន៍ ហើយ​បន្ត​ថ្វាយ​ដោយ​មេដឹកនាំ​កម្ពុជា និង​តំណាង​ជាន់ខ្ពស់ មកពី​ប្រទេស​ចំនួន​១៦​។​
​ព្រះអង្គ​ទាំងពីរ​បាន​ថ្វាយ​ព្រះ​ភ្លើង​នៅ​ម៉ោង ៦​និង​៣៤​នាទី បន្ទាប់ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ទ្រង់​ព្រះ​កន្សែង និង​ទតព្រះនេត្រ ព្រះ​បរមសព ជា​លើកចុងក្រោយ មុន​ការថ្វាយ​ព្រះ​ភ្លើង និង​មានការ​សូត្រ​ស្វាធ្យាយ​សត្តប្បករណ៍​។​

​បន្ទាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព រួចហើយ​កាំភ្លើង​ធំ​ទំហំ ១០៥ មិល្លីម៉ែត្រ ដែលមាន​ចំនួន ១២ ដើម ក៏បាន​ចាប់ផ្តើម​បាញ់​លាន់ឮ​កងរំពង​ផងដែរ​។ កាំភ្លើង​ធំ​ទាំងនោះ ត្រូវបាន​ដាក់តាំង នៅ​មាត់ទន្លេ​មុខ​វាំង​។ គ្រាប់កាំភ្លើង ដែល​ត្រូវ​បាញ់​ចេញ ទាំង ១០១ គ្រាប់ ជា​គ្រាប់​មិន​ពិត ពោល គឺ​លាន់ឮ​តែ​សំឡេង​តែប៉ុណ្ណោះ​៕
បានចុះផ្សាយ 12 ខែ​កុម្ភៈ 2013 ដោយ កំណត់ត្រាថ្ងៃនេះ ក្នុង កំណត់ត្រាថ្ងៃនេះ, វប្បធម័-ប្រពៃណី

No comments:

Post a Comment